ដំណាំ​ស្រូវ ជាង​២​ម៉ឺន​ហិកតា ​នៅ​ស្រុក​ចំនួន​៣​ នៃ​ខេត្តបាត់ដំបង រង​ផលប៉ះពាល់​ដោយ​គ្រោះរាំងស្ងួត​

ថ្ងៃពុធ 5 សីហា 2020, 8:47

​ដំណាំ​ស្រូវ​របស់​ប្រជាកសិករ​នៅ​ស្រុក​ចំនួន​៣​នៃ​ខេត្តបាត់ដំបង ជាង​២​ម៉ឺន​ហិកតា​បាន​រង​ផលប៉ះពាល់​ដោយ​គ្រោះរាំងស្ងួត ប៉ុន្តែ​ក្រុម​សមត្ថកិច្ច​ពាក់ព័ន្ធ​កំពុង​បន្ត​បូមទឹក​ជួយសង្គ្រោះ​កុំអោយ រង​ផល​ប៉ៈ​ពាល់​ធ្ងន់ធ្ងរ​។​

 

​លោក ឈឹម វ​ជ្ជិ​រា ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រ​ម៉ាញ់​និង​នេសាទ ខេត្តបាត់ដំបង បាន​ប្រាប់​វិទ្យុជាតិ​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​០៥ ខែសីហា​នេះ​ថា ដំណាំ​ស្រូវ​ដែល​រង​ផល​ប៉ៈ​ពាល់​ជាង ២​ម៉ឺន​ហិច​តា​នេះ ស្ថិតនៅក្នុង​ស្រុក​ចំនួន​៣ គឺ​ស្រុក​ប​វិល ស្រុក​មោង​ឬ​ស្សី និង​ស្រុក​ថ្មគោល ដោយសារ​គ្រោះរាំងស្ងួត គ្មាន​ទឹក​គ្រប់គ្រាន់​សំរាប់​ការងារ​បង្ក​រប​ង្កើ​ន​ផល​ស្រូវ ។

 

លោក​ប្រធាន​មន្ទីរ​បាន​បញ្ជាក់ថា មន្ទីរ​កសិកម្ម អាជ្ញាធរ​ពាក់ព័ន្ធ និង​ក្រុមមន្ត្រី​ជំនាញ បាន​ចុះទៅ​ដល់ទី​តាំង ត្រួតពិនិត្យ​ស្ថានភាព​ជាក់ស្តែង ដើម្បី​រក​វិធី​ដោះស្រាយ​និង​បូមទឹក​ជួ​យស​ង្រ្គោះ​ដំណាំ​ស្រូវ​របស់​ប្រជាកសិករ​ឲ្យ​បាន​ទាន់ពេលវេលា​។ លោក​បន្តទៀតថា ប្រភេទ​ដំណាំង​ស្រូវ​ដែល​រង​ផលប៉ះពាល់​ច្រើនជាងគេ គឺ​ស្រូវស្រាល​មិន​ប្រកាន់​រដូវ ។​

 

​លោក បានបញ្ជាក់​ទៀតថា ដំណាំ​ស្រូវ​ដែល​រងគ្រោះ​ដោយសារ​គ្រោះរាំងស្ងួត​នេះ មិនបាន​ធ្វើអោយ​ប៉ៈ​ពាល់​ដល់​សន្តិសុខ​ស្បៀង របស់​ប្រជាពលរដ្ឋ​ឡើយ ពីព្រោះ​ស្រូវ​ទាំងនេះ មិនបាន​ខូច​ទាំងស្រុង​នោះទេ​។ យ៉ាងណាក៏ដោយ​លោក​ថា សម្រាប់​ប្រជាពលរដ្ឋ​ដែល​ខូចខាត​ស្រូវ​ទាំងស្រុង មន្ទីរ​បាន​ត្រៀម​ពូជស្រូវ​និង​ពូជ​បន្លែ​សម្រាប់​ចែកជូន​ប្រជាពលរដ្ឋ អោយ​អនុវត្ត​ការងារ​បង្ករ​បង្កើន​ផល​ឡើងវិញ ដើម្បី​រួមចំណែក​ដោះស្រាយ​ផ្នែក​ជីវភាព​របស់​ប្រជាពលរដ្ឋ​។​

 

លោក​ប្រធាន​មន្ទីរ​កសិកម្ម ក៏បាន​សំណូមពរ​ដល់​ប្រជាកសិករ ត្រូវ​យកចិត្តទុកដាក់​ក្រោយពេល​ប្រមូល​ផល​ស្រូវ ជាពិសេស​ត្រូវ​រក​កន្លែង​ហាល​រឺ​ឡស​ម្ងួ​ត ជៀស​វាស​ទុក​ស្រូវ​សើម​ធ្វើអោយ​ខូចគុណភាព​ស្រូវ ហើយ​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​យល់ដឹង​រាល់​ការងារ​ដាំ​ដុះ ដែល​កន្លងមក​មន្ទីរ​បាន​ចុះ​ធ្វើការ​ណែនាំ កម្ម​វី​ធី​ផ្សព្វផ្សាយ​កសិកម្ម​ថ្មី ធន់​នឹង​ការប្រែប្រួល​អាកាសធាតុ អោយស្រប​ទៅនឹង​រដូវ​កាល ការអនុវត្ត​អោយទាន់​ពេលវេលា ដើម្បី​ទទួលបាន​ទិន្នផល​ខ្ពស់​។​

 

​សូមបញ្ជាក់ថា នៅក្នុង​ឆ្នាំ​២០២០​នេះ ការងារ​បង្កបង្កើនផល​ស្រូវ​រដូវវស្សា​ក្នុង​ខេត្តបាត់ដំបង មាន​ផ្ទៃដី​ចំនួន​ជាង​៣២​ម៉ឺន​ហិកតា ដោយបាន​អនុវត្ដ​បាន​ចំនួន​ជាង​២៦​ម៉ឺន​ហិកតា ស្មើរ​នឹង​ជាង​៨០​ភាគរយ​៕​

ដំណាំ​ស្រូវ ជាង​២​ម៉ឺន​ហិកតា ​នៅ​ស្រុក​ចំនួន​៣​ នៃ​ខេត្តបាត់ដំបង រង​ផលប៉ះពាល់​ដោយ​គ្រោះរាំងស្ងួត​
ដំណាំ​ស្រូវ ជាង​២​ម៉ឺន​ហិកតា ​នៅ​ស្រុក​ចំនួន​៣​ នៃ​ខេត្តបាត់ដំបង រង​ផលប៉ះពាល់​ដោយ​គ្រោះរាំងស្ងួត​
ដំណាំ​ស្រូវ ជាង​២​ម៉ឺន​ហិកតា ​នៅ​ស្រុក​ចំនួន​៣​ នៃ​ខេត្តបាត់ដំបង រង​ផលប៉ះពាល់​ដោយ​គ្រោះរាំងស្ងួត​

PLB Banner on article detail