សម្ដេច​ក្រឡាហោម ស ខេង អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ឆ្លង​សេចក្តីព្រាងច្បាប់​ស្ដីពី​អន្តោប្រវេសន៍​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​

ថ្ងៃអង្គារ 28 កក្កដា 2020, 11:25

នៅ​ទីស្ដីការ​ក្រសួងមហាផ្ទៃ នា​ព្រឹក​ថ្ងៃ​អង្គា​រ៍ ទី​២៨ ខែកក្កដា ឆ្នាំ​២០២០ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ព​ង​ខ្ពស់​ដឹកនាំ​កិច្ចប្រជុំ​ឆ្លង​សេចក្តីព្រាងច្បាប់​ស្តីពី​អន្តោប្រវេសន៍ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយមាន​ការចូលរួម​ពី​រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ នៃ​ក្រសួងមហាផ្ទៃ អ្នកជំនាញ​ផ្នែក​ច្បាប់ និង​ស្ថាប័ន​ពាក់ព័ន្ធ​មួយចំនួនទៀត​ផងដែរ​។​

 

​សម្ដេច​ក្រឡាហោម ស ខេង បាន​មានប្រសាសន៍ថា មូលហេតុ​ដែលមាន​ការ​រៀបចំ​ច្បាប់​ស្ដីពី​អន្តោប្រវេសន៍​សារជាថ្មី​នេះ គឺ​ដោយសារតែ​ច្បាប់​ដែល​យើង​មាន​នោះ (​តាំងពី​ឆ្នាំ​១៩៩៤) នៅមាន​ចំណុច​ខ្វះខាត ហើយ​ការអនុវត្ត​ច្បាប់​ដែលមាន​ស្រាប់​កន្លងមក ក៏​ជួប​នូវ​បញ្ហា​ប្រឈម​មួយចំនួន ដែល​ចាំបាច់​ត្រូវមាន​ការគិតគូរ​ឡើងវិញ​។

 

​ដោយ​មើលឃើញ​ពី​ភាពចាំបាច់​នៃ​ការធ្វើ​វិសោធនកម្ម​ច្បាប់​នេះ ក្រសួងមហាផ្ទៃ បាន​ស្នើសុំ​គោលការណ៍​ពី​ប្រមុខ​រាជរដ្ឋាភិបាល ដើម្បី​អនុញ្ញាត​ឲ្យ​មានការ​រៀបចំ​ច្បាប់​ស្ដីពី​អន្តោប្រវេសន៍​នេះ​ជាថ្មី ក៏ដូចជា​ស្នើសុំ​ឲ្យ​មាន​កិច្ចប្រជុំ​ជាមួយ​មន្ត្រី​ពី​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​ប្រមូល​ធាតុ​ចូល​បន្ថែម​ពី​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ធ្វើយ៉ាងណា​ឲ្យ​ច្បាប់​នេះ​មាន​លក្ខណៈ​គ្រប់​ជ្រុងជ្រោយ និង​មាន​សត្យានុម័ត ក្នុងការ​អនុវត្ត​សម្រាប់​បម្រើ​ផលប្រយោជន៍​ប្រទេសជាតិ​ទាំងមូល​។​

 

​ជាងនេះទៀត សម្ដេច​ក្រឡាហោម ក៏បាន​គូសបញ្ជាក់ថា កន្លងមក ការអនុវត្ត​ច្បាប់ និង​ការគ្រប់គ្រង​ជនបរទេស​ទាំងឡាយ​ដែល​ចេញចូល​ក្នុងប្រទេស​កម្ពុ​ជា មាន​លក្ខណៈ​ម៉ត់ចត់ និង​ប្រកបដោយ​ភាពជោគជ័យ ដោយ​ស្ថាប័ន និង​អង្គភាព​ពាក់ព័ន្ធ​បាន​ខិតខំ​ដោះស្រាយ​បញ្ហា​នានា​តាម​សភាពការណ៍​ជាក់ស្ដែង ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់​ចំពោះ​ប្រទេសជាតិ និង​ប្រជាពលរដ្ឋ​៕​

សម្ដេច​ក្រឡាហោម ស ខេង អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ឆ្លង​សេចក្តីព្រាងច្បាប់​ស្ដីពី​អន្តោប្រវេសន៍​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​
សម្ដេច​ក្រឡាហោម ស ខេង អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ឆ្លង​សេចក្តីព្រាងច្បាប់​ស្ដីពី​អន្តោប្រវេសន៍​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​
សម្ដេច​ក្រឡាហោម ស ខេង អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ឆ្លង​សេចក្តីព្រាងច្បាប់​ស្ដីពី​អន្តោប្រវេសន៍​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​

PLB Banner on article detail