រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ស្នើ​ប្រធាន​សាលាឧទ្ធរណ៍ អគ្គព្រះរាជអាជ្ញា​និង​ព្រះរាជអាជ្ញា​ខេត្តបាត់ដំបង អនុវត្ត​ច្បាប់​ឲ្យ​មាន​ប្រសិទ្ធភាព​

ថ្ងៃអង្គារ 28 កក្កដា 2020, 7:58

​ខេត្តបាត់ដំបង​៖ ឯកឧត្តម កើត រិ​ទ្ធ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ នា​រសៀល​ថ្ងៃទី​២៧ ខែកក្កដា ម្សិលមិញ បានអញ្ជើញជាអធិបតីក្នុង​ពិធី​ប្រកាស​តែងតាំង ​និង​ចូលកាន់​មុខតំណែង​ប្រធាន​សាលាឧទ្ធរណ៍​បាត់ដំបង អគ្គព្រះរាជអាជ្ញា​នៃ​មហាអយ្យការ​អម​សាលា​ឧ​ទ្ទ​រណ៍​បាត់ដំបង ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តបាត់ដំបង។

 

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម កើត រិ​ទ្ឋ បាន​ស្នើដល់ប្រធាន អនុប្រធាន សាលាឧទ្ធរណ៍ អគ្គព្រះរាជអាជ្ញា​នៃ​មហាអយ្យការ​អម​សាលាឧទ្ធរណ៍ ព្រះរាជអាជ្ញា និង​មន្ត្រី​សាលាដំបូង​ទាំងអស់ សូម​ការពង្រឹង​និង​ការអនុវត្ត​ច្បាប់​ឲ្យ​បាន​ត្រឹមត្រូវ​និង​មាន​ប្រសិទ្ធភាព​ដើម្បី​លើកកម្ពស់​គុណភាព​នៃ​ការជំនុំជម្រះ​ក្ដី​ប្រកបដោយ​យុត្តិធម៌​ក៏ដូចជា​ចូលរួម​ធានា​សន្តិសុខ​សង្គម​និង​សណ្តាប់ធ្នាប់​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​។  

 

ឯកឧត្តម​បន្តថា​សាលាឧទ្ធរណ៍​បាត់ដំបង​និង​សាលាឧទ្ធរណ៍​ត្បូងឃ្មុំ​គឺជា​សាលាឧទ្ធរណ៍​តំបន់​ចំនួន​ពីរ​ដំបូង​គេ​ដែល​ត្រូវ​បានដាក់​ឲ្យ​ដំណើរការ​ជា​ប្រវត្តិសាស្ត្រ​នៅ​ប្រព័ន្ធយុត្តិធម៌​កម្ពុជា​តាម​ទិសដៅ​នៃ​កម្មវិធី​កំណែទម្រង់​ច្បាប់​និង​ប្រព័ន្ធយុត្តិធម៌​ដើម្បី​បង្ខិត​សេវា​យុត្តិធម៌​អោយ​កាន់តែ​នៅ​ខិតជិត​ប្រជាពលរដ្ឋ​នឹង​ជួយ​កាត់បន្ថយ​ការកកស្ទះ​សំណុំរឿង​ដែល​ត្រូវបាន​ប្រមូលផ្ដុំ​នៅ​សាលាឧទ្ធរណ៍ ភ្នំពេញ​។​

 

​ក្រៅពី​សាលាឧទ្ធរណ៍​បាត់ដំបង​និង​សាលា​ឧទ្ធរណ៍​ត្បូងឃ្មុំ​សាលាឧទ្ធរណ៍​ព្រះសីហនុ​ក៏​នឹង​ត្រូវដាក់​ឲ្យ​ដំណើរការ​ចាប់ពី​ថ្ងៃទី​០១ ខែកញ្ញា ឆ្នាំ​២០២០ ខាងមុខនេះ ហើយ​រាជរដ្ឋាភិបាល​ក៏​និង​ពិនិត្យ​លទ្ធិភាព​បង្កើត​សាលាឧទ្ធរណ៍​តំបន់​ផ្សេងទៀត​ដើម្បី​ឆ្លើយតប​តាម​តម្រូវការ​និង​ការវិវត្ត​ជាក់ស្ដែង​របស់​សង្គម​នា​ពេលអនាគត​ប្រសិន​ជាមាន​សំណូមពរ​និង​មាន​តម្រូវ​ការចាំបាច់​ដើម្បី​បង្ខិត​សេវា​យុត្តិធម៌​នេះ​ឲ្យ​កាន់តែ​នៅ​ជិត​ប្រជាពលរដ្ឋ​។​

 

​ឯកឧត្តម​រដ្ឋមន្ត្រី​សង្កត់ធ្ងន់ថា ចៅក្រម​ព្រះរាជអាជ្ញា​ក៏ដូចជា​មន្ត្រី​កាន់ខ្ជាប់​នៅ​អភិក្រម​ដ៏​ថ្លៃថ្លា​ទាំង​០៥ របស់​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​គឺ -​ឆ្លុះកញ្ចក់ -​ងូតទឹក -​ដុសក្អែល -​ព្យាបាល -​និង​វះកាត់ ដើម្បី​ជាគោលការណ៍​ក្នុងការ​អនុវត្ត​មុខងារ​និង​ភារកិច្ច​របស់ខ្លួន ពិសេស​សំរាប់​ថ្នាក់ដឹកនាំ​នៃ​អង្គភាព​សាលាជម្រះក្ដី នៅ​អយ្យការ​អម​សាលាដំបូង​គ្រប់​ជាន់ថ្នាក់​ដើម្បី​ពង្រឹង​អភិបាលកិច្ច​ល្អ​ក៏ដូចជា​ពង្រឹង​សាមគ្គីភាព​ផ្ទៃក្នុង​នៅក្នុង​អង្គភាព​របស់ខ្លួន​។​

 

​គួរ​បញ្ជាក់ថា​​ពិធី​ប្រកាស​តែងតាំង​និង​ចូលកាន់​មុខតំណែង​ប្រធាន​សាលាឧទ្ធរណ៍​បាត់ដំបង​អគ្គព្រះរាជអាជ្ញា​នៃ​មហាអយ្យការ​អម​សាលាឧទ្ធរណ៍​បាត់ដំបង​ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តបាត់ដំបង​នា​ថ្ងៃនេះ ត្រូវបានតែងតាំង​ឯកឧត្តម សម ប៊ុន​ថុ​ន ជា​ប្រធាន​សាលា​ឧ​ទ្ទ​រណ៍ ឯកឧត្តម ធូ មណី អនុប្រធាន​សាលាឧទ្ធរណ៍ ឯកឧត្តម នួន សាន ជា​អគ្គព្រះរាជអាជ្ញា​នៃ​មហាអយ្យការ​អម​សាលា ឧ​ទ្ទ​រណ៍ និង​ឯកឧត្តម គឺ ប៊ុន​ណ្ណា​រ៉ា ជា​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តបាត់ដំបង​៕​

រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ស្នើ​ប្រធាន​សាលាឧទ្ធរណ៍ អគ្គព្រះរាជអាជ្ញា​និង​ព្រះរាជអាជ្ញា​ខេត្តបាត់ដំបង អនុវត្ត​ច្បាប់​ឲ្យ​មាន​ប្រសិទ្ធភាព​

PLB Banner on article detail

អត្ថបទពេញនិយម