អំឡុងពេលពពោះភាគច្រើនមានអាការៈអស់កម្លាំងនៅត្រីមាសទី ១ និងទី ៣ ដោយសារតែ....

ថ្ងៃច័ន្ទ 20 កក្កដា 2020, 12:56

អស់​កម្លាំង​អំឡុង​ពេល​ពពោះ​គឺជា​រឿង​ធម្មតា​ដែល​ស្ត្រី​ពពោះ​តែង​ជួប​ប្រទះ ជាពិសេស​នៅ​ប៉ុន្មាន​ខែ​ដំបូង និង​ត្រីមាស​ទី​៣។ សម្រាប់ម៉ាក់ៗមួយ​ចំនួន​មាន​អាការៈ​អស់​កម្លាំង​ខ្លាំង​ ខណៈ​ម៉ាក់ៗមួយ​ចំនួន​ទៀត​គឺ​មាន​អាការៈ​ស្រាល។

 

មូលហេតុ​បង្ក​ឲ្យ​មានអាការៈ​អស់កម្លាំង​អំឡុង​ពេល​ពពោះ

នៅ​ត្រីមាស​ទី១ រាងកាយ​ម៉ាក់ៗ​គឺ​ធ្វើការ​ខ្លាំង​ដើម្បី​បង្កើត​សុក និង​ចាប់ផ្ដើម​ផ្ដល់​សារធាតុ​ចិញ្ចឹម​ដល់​ទារក។ ការ​ធ្វើ​មេតាបូលីស​ និង​ចរន្ត​ឈាម​ក៏​មាន​ការ​កើន​ឡើង ដូចនេះ​រាងកាយ​ត្រូវការ​សារធាតុ​ចិញ្ចឹម និង​សម្រាក​ច្រើន​ជាង​ធម្មតា។ ត្រីមាស​ទី១​នេះ​ក៏​ជា​ពេល​ដែល​មាន​អារម្មណ៍​ប្រែប្រួល​ខ្លាំង​ដែល​នេះ​ធ្វើ​ឲ្យ​ម៉ាក់ៗ​អស់កម្លាំង។

 

រីឯ​អំឡុង​ត្រីមាស​ទី​២ រាងកាយ​ម៉ាក់ៗ​នឹង​មាន​អាការៈ​ប្រសើរ​ជាង​ត្រីមាស​ទី១​ព្រោះ​សុក​ត្រូវ​បាន​បង្កើត​ ហើយ​រាងកាយ​ក៏​មាន​ភាព​ស៊ាំ​ទៅ​នឹង​ការ​ពពោះ​ជាង​មុន​ដែរ។ យ៉ាងណាមិញ ពេល​ឈាន​ចូល​ត្រីមាស​ទី​៣ ម៉ាក់ៗ​នឹង​មាន​អាការៈ​អស់​កម្លាំង​ម្ដងទៀត​ដែល​នេះ​អាច​បណ្ដាល​មក​ពី​មូលហេតុ​ដូច​ខាងក្រោម៖
- ម៉ាក់ៗ​កំពុង​ឡើង​ទម្ងន់​ខ្លាំង ហើយ​ទារក​ក៏​កាន់តែ​ធ្ងន់​ទៅៗ
- អាច​មាន​បញ្ហា​ក្នុង​ការ​គេង​ពេល​យប់​ព្រោះ​ទារក​កម្រើក​
- ពិបាក​ក្នុង​ការ​រំលាយអាហារ និង​ការ​បន្ទោរ​បង់
- ការ​ធ្វើ​ចលនា​ទូទៅ​កាន់តែ​ពិបាក​ដោយសារ​ពោះ​កាន់តែ​ធំ និង​ក្នុង​ករណី​ខ្លះ​មាន​បញ្ហា​ហើម​ជើង​
- ជួបប្រទះ​អាការៈ​រមួល​ក្រពើ​ពេល​យប់​ដែល​ប៉ះពាល់​ដល់​ការ​គេង
- មាន​ការ​ថប់បារម្ភ​ទៅ​លើ​ការ​សម្រាល​កូន។

 

វិធី​កាត់បន្ថយ​អាការៈ​អស់​កម្លាំង

ម៉ាក់ៗ​អាច​អនុវត្ត​ប៉ុន្មាន​វិធី​ខាង​ក្រោម​នេះ​ដើម្បី​កាត់បន្ថយ​អាការៈ​អស់​កម្លាំង៖

- គេង​ថ្ងៃ​ខ្លះបើ​សិន​ជា​​អាច​ ប៉ុន្តែ​យក​ល្អ​កុំ​គេង​យូរ​ពេក​ព្រោះ​អាច​រំខាន​ដល់​ដំណេក​ពេល​យប់
- ចូលគេង និង​ក្រោក​ឡើង​ឲ្យ​បាន​ទៀង​ម៉ោង​រាល់ថ្ងៃ
- ហាត់ប្រាណ​រាល់​ថ្ងៃ ប៉ុន្តែ​មិន​ត្រូវ​ហាត់ប្រាណ​ក្រោយ​អាហារ​ពេល​ល្ងាច​ទេ និងកុំហាត់ប្រាណខ្លាំងៗ
- ចៀសវាងផឹក​ជាតិ​កាហ្វេអ៊ីន
- ញ៉ាំ​អាហារ​សម្បូរ​សារធាតុ​ចិញ្ចឹម និង​ប្រាកដ​ថា​ទទួល​បាន​ជាតិ​ដែក ប្រូតេអ៊ីន និង​កាឡូរី​គ្រប់គ្រាន់
- ផឹក​ទឹកឲ្យបានគ្រប់គ្រាន់​។

 

ទោះបីជា​អាការៈ​អស់កម្លាំង​ជា​រឿង​ធម្មតា យកល្អ​គួរ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ​ប្រសិនជា​ម៉ាក់​មាន​រោគសញ្ញា​ផ្សេងៗ​ដូច​ខាងក្រោម៖
- ព្រួយបារម្ភ​ថា​អាការៈ​អស់​កម្លាំង​អាច​ជា​រោគសញ្ញា​នៃ​ជំងឺ​ស្លេកស្លាំង​ ជំងឺ​ទឹកនោម​ផ្អែម ឬ​ជំងឺ​បាក់ទឹកចិត្ត
- មាន​ការ​ប្រែប្រួល​ទៅ​លើ​គំហើញ
- វិលមុខ
- នោម​តិច​ជាង​មុន
- ពិបាក​ដក​ដង្ហើម ឈឺចាប់​នៅ​ពោះ​ផ្នែក​ខាង​លើ ឬ​ញ័រទ្រូង
- ឈឺក្បាល​ធ្ងន់ធ្ងរ
- មាន​អាការៈ​ហើម​ដៃ ជើង និង​ក​ជើង។

 

ប្រភព៖ hellokrupet 

អំឡុងពេលពពោះភាគច្រើនមានអាការៈអស់កម្លាំងនៅត្រីមាសទី ១ និងទី ៣ ដោយសារតែ....
អំឡុងពេលពពោះភាគច្រើនមានអាការៈអស់កម្លាំងនៅត្រីមាសទី ១ និងទី ៣ ដោយសារតែ....

PLB Banner on article detail