AIREEN Juist Motul-Tech

ស្វាយរៀង​៖ រោងចក្រ​ចំនួន​១៨ ព្យួរការងារ ប៉ះពាល់​កម្មករ​ជាង ១ ម៉ឺន​នាក់​

ថ្ងៃព្រហស្បតិ៍ 9 កក្កដា 2020, 9:19

​ដោយសារ​ផលប៉ះពាល់​នៃ​ជំងឺ​កូ​វីដ​១៩ ខេត្តស្វាយរៀង មាន​រោងចក្រ និង​សហគ្រាស​ចំនួន ១៨ បាន​ព្យួរការងារ និង​ប៉ះពាល់​កម្មករនិយោជិត​ជាង ១០,៦០០​នាក់​។ នេះ​បើតាម​ការបញ្ជាក់​ពី​ឯកឧត្តម រស់ ផា​រិ​ទ្ធ អភិបាលរង​ខេត្ដ​ស្វាយរៀង ក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដីពី «​វឌ្ឍនភាព និង​ទិសដៅ​ការងារ​បន្ដ​របស់​រដ្ឋ​បាល​ខេត្ដ​ស្វាយរៀង​» កាលពី​ថ្ងៃទី​០៧ ខែកក្កដា ឆ្នាំ​២០២០​។

 

​ឯកឧត្តម បាន​ថ្លែងថា បច្ចុប្បន្ន​ខេត្តស្វាយរៀង​មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​ចំនួន ១១ កន្លែង កំពុងដំណើរការ ៨ កន្លែង​។ សរុប​ទូទាំង​ខេត្ដ​មាន​ក្រុមហ៊ុន រោងចក្រ សហគ្រាស គ្រឹះស្ថាន​ឯកជន ធនាគារ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​សរុប​ចំនួន ២១៦ កន្លែង​។ ក្នុងនោះ​រោងចក្រ សហគ្រាស​មាន​ចំនួន ១១៣ កន្លែង​បាន​បង្កើត ការងារ​ដល់​ពលរដ្ឋ​ជាង ៨ ម៉ឺន​នាក់​។​

 

​ឯកឧត្តម​បញ្ជាក់ថា ប៉ុន្ដែ​បច្ចុប្បន្ន​ដោយសារ​ផលប៉ះពាល់​នៃ​ជំងឺ​កូ​វីដ​១៩ ដែល​បាននិងកំពុង​រីក​រាល​ដាល​នៅ​ទូទាំង​ពិភពលោក​ក៏ដូចជា​នៅក្នុង​ប្រទេស​កម្ពុជា​យើង​ផងដែរ នាំឱ្យមាន​ការប៉ះពាល់​ដ​ល់​ដំណើការ​អភិវឌ្ឍ​សេដ្ឋកិច្ចសង្គម​។ ជាពិសេស​ប៉ះពាល់​ដល់​ការងារ​របស់​បងប្អូន​កម្មករនិយោជិត​មួយចំនួន​។ ជាក់ស្ដែង​ក្នុង​ខេត្តស្វាយរៀង​មាន​រោងចក្រ​សហគ្រាស​ត្រូវបាន​ព្យួរការងារ គិត​ត្រឹម​ថ្ងៃទី ២ ខែកក្កដា មាន​ចំនួន ១៨ រោងចក្រ សហគ្រាស ប៉ះពាល់​ដល់​កម្មករនិយោជិត​សរុប ១០ ៦២៨ នាក់​។​

 

​ឯកឧត្តម​បន្ថែមថា លោក​អះអាងថា ជា​ដំណោះស្រាយ​ចំពោះ​កម្មករ​ដែល​បាត់បង់​ការងារ​ធ្វើ​ខាងលើនេះ​គឺ​រដ្ឋបាលខេត្ត​បាន​ធ្វើឡើង​តាមរយៈ​គោលនយោបាយ​របស់​រដ្ឋា​ភិ​បាល​ដូចជា​ការឧបត្ថម្ភ​សាច់ប្រាក់​ពី​រដ្ឋាភិបាល ៤០ ដុល្លារ និង​ក្រុមហ៊ុន ៣០ ដុល្លារ​ក្នុង ១ ខែ​ដល់​កម្មករ​សរុប ៨ ២០២ នាក់​ក្នុងចំណោម​កម្មករ​ជាង ១ ម៉ឺន​នាក់​ខាងលើ​៕​

ស្វាយរៀង​៖ រោងចក្រ​ចំនួន​១៨ ព្យួរការងារ ប៉ះពាល់​កម្មករ​ជាង ១ ម៉ឺន​នាក់​

PLB Banner on article detail