ការពង្រីក​​ពន្ធនាគារ ត្រូវ​លើក​ទៅ​ឆ្នាំក្រោយ ដោយសារ​វិបត្តិ​កូ​វីដ​១៩

ថ្ងៃសុក្រ 26 មិថុនា 2020, 8:57

​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ​នៃ​ក្រសួងមហាផ្ទៃ​ បានសម្រេច​រំកិល​ផែនការ​នៃ​ការពង្រីក​ហេដ្ឋារចនាសម្ព័ន្ធ​ពន្ធនាគារ​ទៅ​ឆ្នាំក្រោយ ដោយសារតែ​ផលប៉ះពាល់​ពី​ជំងឺ​កូ​វីដ ១៩​។ នេះ​បើតាម​ការបញ្ជាក់​ពី​ឯកឧត្តម សន្តិ​បណ្ឌិត ចាន់ គឹម​សេង អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ​។​

 

​ឯកឧត្តម បាន​ថ្លែងថា ផែនការ​សកម្មភាព​ស​ម្រា​ប់​អនុវត្ដ​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​ពន្ធនាគារ ឆ្នាំ​២០២០ គឺ​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ​បាន​លើក​គម្រោង​រួចរាល់​អស់ហើយ​។ ប៉ុន្ដែ​ព្រោះ​បញ្ហា​ការរីក​រាលដាល​ជំងឺ​កូ​វីដ ១៩ ដែល​បង្ក​ផលប៉ះពាល់​ដល់​សេដ្ឋកិច្ច និង​ដល់​ថវិកា​ដូច្នេះ​គម្រោង​នេះ​នឹង​រំកិល​ទៅ​ឆ្នាំ​ខាងមុខ​ទៀត​។​

 

​ឯកឧត្តម​បន្តថា ឆ្នាំនេះ យើង​ខិតខំ​ឱ្យ​ហើយ​ចំពោះ​ការសាងសង់​ថ្មី​ពន្ធនាគារ​ខេត្ដ​កំពង់ចាម ព្រោះ​ពន្ធនាគារ​នេះ​យើង​សាងសង់​ជិត​រួចរាល់​ហើយ​។ ការសាងសង់​ពន្ធនាគា​រ​ថ្មី​នៅ​ខេត្ដ​កំពង់ចាម​នេះ ព្រោះថា​ពន្ធនាគារ​ចាស់​របស់​ខេត្ដ​កំពង់ចាម​ស្ថិតនៅក្នុង​ទឹកដី​ខេត្ដ​ត្បូងឃ្មុំ​ដែល​បាន​កាត់​ចេញពី​ខេត្តកំពង់ចាម​។ ក្រៅពី​គម្រោង​ខេត្ដ​កំពង់ចាម​គម្រោង​សាងសង់​នេះ​គឺ​ត្រូវ​រំកិល​ទៅ​ឆ្នាំ​បន្ទាប់៕

ការពង្រីក​​ពន្ធនាគារ ត្រូវ​លើក​ទៅ​ឆ្នាំក្រោយ ដោយសារ​វិបត្តិ​កូ​វីដ​១៩

PLB Banner on article detail